Home » #mediaonmedia » ស្តាប់បទពិសោធនៃដំណើរផលិត podcast របស់កម្ពុជា
#mediaonmedia

ស្តាប់បទពិសោធនៃដំណើរផលិត podcast របស់កម្ពុជា

ភ្នំពេញ | ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២១ 

អានជាភាសាអង់គ្លេស រែសម្រួលជាភាសាខ្មែរដោយ នូវ ពៅលក្ខិណា

ក្រោយចប់ម៉ោងធ្វើការ មានន័យថាពេលវេលាស្តាប់ podcast បានចូលមកដល់។ នោះគឺជាអ្វីដែល ង៉ូវ ជីហ័រ ជាអ្នកជំនាញផ្នែកទំនាក់ទំនង វ័យ២៥ឆ្នាំ បានអនុវត្តជាប្រចាំ។ នៅក្នុងកម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ជាកម្មវិធី podcast ដែលខ្លួនចូលចិត្ត យុវជនរូបនេះស្លុងអារម្មណ៍ទៅនឹងគំនិតថា តើជីវិតនឹងទៅជាយ៉ាងណាក្នុងរយៈពេលពីរទសវត្សរ៍បន្ទាប់ នៅក្នុងប្រទេសរបស់ខ្លួន។ 

លោក ជីហ័រ ​បាន​តាមដាន​កម្មវិធីនេះ កាលពី​ពាក់​កណ្ដាល​ឆ្នាំ២០២០។ នោះគឺជាកម្មវិធីកិច្ចពិភាក្សា​ស៊ីជម្រៅ​ ជាមួយអ្នកនិពន្ធ១៦នាក់ ក្នុង​កម្រងសៀវភៅបីក្បាល មានចំណងជើងថា «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ដោយប្រមើលមើលពី​ស្ថានភាពប្រទេសមួយនេះ ដែលមាន​ប្រជាជន​ប្រមាណ​១៧​លាននាក់ ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ ។ 

«ខ្ញុំ​ចង់​ដឹង​បន្ថែម​ ថាតើ​អ្នក​និពន្ធ​មាន​អ្វី​និយាយ​បន្ថែមទៀត​» លោក ជីហ័រ និយាយ។ «នៅមាន​គំនិតថ្មីៗ​ច្រើនទៀត ដែល​ពួកគេមិនបានបញ្ចូល​នៅក្នុង​សៀវភៅ ប៉ុន្តែ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​ podcast។»

លោក ជីហ័រ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្តាប់ podcast ​ជាប្រចាំ​ ខណៈមធ្យោបាយ​ផ្សព្វផ្សាយ​មួយ​នេះ នៅជា​ការ​សាកល្បងនៅ​ឡើយ ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ​របស់​កម្ពុជា។ ក៏ប៉ុន្តែ​វាអាចនឹងមានអំណោយផល ក្នុងចំណោម​ទស្សនិកជន​វ័យក្មេង ដែល​មាន​ទម្លាប់​ក្នុងការទទួល​បាន​ព័ត៌មាន​ ការកម្សាន្ត ក៏ដូចជា​មានទំនាក់ទំនងក្នុងសង្គម​ តាមរយៈ​អនឡាញ។ 

«វាស្រដៀងគ្នានឹងការស្តាប់វិទ្យុដែរ ប៉ុន្តែវាមានភាពងាយស្រួលច្រើនជាង ពីព្រោះយើងមិនចាំបាច់ត្រូវស្តាប់ ខណៈពេលផ្សាយបន្តផ្ទាល់នោះទេ» លោក ជីហ័រ ពន្យល់។ «កម្មវិធីទាំងនោះគឺថតទុក ដូច្នេះយើងអាចស្តាប់សារឡើងវិញ ខារទៅមុខឬទៅក្រោយ ហើយស្តាប់ពេលណាក៏បាន។ ហើយប្រធានបទខ្លះទៀត គឺមានតែនៅក្នុង podcast តែប៉ុណ្ណោះ។»

កម្មវិធី​នៅ​ក្នុង​ podcast ​មាន​ប្រធាន​បទ​ចម្រុះ​សម្បូរបែប ផ្អែកលើព្រឹត្តិការណ៍បច្ចុប្បន្ន រាប់ចាប់ពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រហូតដល់គន្លឹះហិរញ្ញវត្ថុ ឬជំងឺថប់បារម្ភសង្គម ចាប់ផ្តើមមានវត្តមាន​សម្រាប់អ្នកស្តាប់នៅកម្ពុជា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០។ យ៉ាង​ហោច​ណាស់​ មាន​បណ្តាញសារព័ត៌មាន២ផ្សេងគ្នា ជា​អ្នក​ផលិត​កម្មវិធី​ទាំងនោះ។

អ្នកផលិតកំពុងស្វះស្វែងកសាង​សហគមន៍ ក៏ដូចជា​ពង្រីកប្រភពចំណូលបន្ថែម តាមរយៈការផ្តល់ជូនកម្មវិធី podcast ទាំងនេះ។  ការដាក់កំហិតលើការធ្វើដំណើរដោយសារតែជំងឺកូវីដ១៩ អាចជាកត្តាមួយ ដែល​ធ្វើ​ឱ្យ​អ្នកស្តាប់ បានមកស្គាល់ podcast ដោយសារ​មនុស្ស​ជាច្រើន​ចាប់ផ្តើមធុញទ្រាន់នឹងសិក្ខាសាលាអនឡាញ។ ណាមួយទៀត ការស្តាប់តែសំឡេង ​គឺប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតតិចជាង។ 

«អ្នកស្តាប់ podcast មានលក្ខណៈទំនើបជាង។ ការស្តាប់របស់ពួកគេ គឺផ្តោតលើកម្មវិធីច្រើនជាង។ ហើយមាន podcast ច្រើនណាស់ ដែលកម្មវិធីនីមួយៗផលិតតាមរដូវកាល និងកំណត់ចំនួនភាគជាក់លាក់។» នេះបើតាមការពន្យល់របស់កញ្ញា នូវ ពៅលក្ខិណា ជាគ្រូបង្រៀនមុខវិជ្ជា សារព័ត៌មានអនឡាញ និងពហុប្រព័ន្ធផ្សព្វផ្សាយ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ «ពីពេលនេះទៅ មាតិកាក្នុង podcast គឺមិនមែនមានត្រឹមតែព័ត៌មានមួយមុខនោះទេ។ មិនយូរទៀតនោះទេ ពាក្យថា podcast នឹងលែងជាពាក្យថ្មីឬប្លែក សម្រាប់យុវជនកម្ពុជាទៀតឡើយ។»

ការចូលមកកាន់ទីផ្សារកម្ពុជា​របស់ក្រុមហ៊ុន Spotify ក្នុងខែកុម្ភៈ បានពង្រីក​​​លំហ សម្រាប់​​ការផលិតមាតិកា ផ្អែកលើសំឡេង ដែលកំពុងតែរីកលូតលាស់។ ហើយវាបានផ្តល់ជម្រើសកាន់តែច្រើនសម្រាប់​អ្នក​ស្តាប់ បន្ថែម​ពីលើវេទិកា​ Apple និង Google podcast។ 

ដូចគ្នាទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ប្រជាជន​​កម្ពុជា​​ពឹងផ្អែក​លើ​ទូរសព្ទ​ស្មាតហ្វូន​ និង​បណ្តាញ​សង្គម​ ដើម្បី​ទទួល​បាន​ព័ត៌មានភាគច្រើន។ “ហ្វេសប៊ុក/អ៊ីនធឺណិត” ត្រូវ​បានសម្គាល់​ថា ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​បំផុតសម្រាប់​ប្រជាជន​កម្ពុជា ហើយប្រភពសំខាន់ៗបន្ទាប់ទៀតគឺ ទូរទស្សន៍ ឮតៗគ្នា និងវិទ្យុ។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​អាស៊ី ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៦។ 

របាយការណ៍​ឌីជីថល​ប្រចាំឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា ​មនុស្ស​សរុប​ចំនួន ៧១.៣% ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ ១៦,៨៣ លាន​នាក់​ កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ចំនួន ២៤% ក្នុង​ចន្លោះ​ឆ្នាំ ២០២០ និង ២០២១​។ 

អ្នកប្រើប្រាស់វ័យ​ក្មេង​បច្ចុប្បន្ន​ មាន​សមត្ថភាព​ប្រើប្រាស់​ទូរសព្ទ​ស្មាតហ្វូន​បានយ៉ាង​ងាយស្រួល និង​តាម​ទាន់​បច្ចេក​វិទ្យា​ថ្មីៗ​ចុងក្រោយ ខុសពីពេលដែល​កញ្ញា​ លក្ខិណា​ ធំដឹងក្តី ដោយទទួលព័ត៌មានបានតាមវិទ្យុ។ 

«នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ណែនាំ​ podcast​ យក​មក​ធ្វើជា​មេរៀន​នៅក្នុងថ្នាក់ នៅពេលនោះ​មាន​គំរូ​ ​podcast ដែល​ផលិត​ដោយ​បណ្តាញ​ព័ត៌មានក្នុង​ស្រុកតិចតួចណាស់​» កញ្ញា​ លក្ខិណា​ និយាយបន្ថែម និងលើកឡើងពីស្ថានភាព​បច្ចុប្បន្ន​ មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ជាង​មុន។

កញ្ញា​បាន​​រំលឹក​ពី​មុនពេល​ដែល​ទូរសព្ទ​ស្មាតហ្វូនមាន​ការ​ពេញនិយម «ការ​ស្តាប់​ព័ត៌មាន​ភាគច្រើន គឺ​ចេញ​ពី​ការ​ផ្សាយ​របស់​វិទ្យុនៃប្រព័ន្ធ​​ផ្សព្វផ្សាយ​បរទេស​ ដែល​មាន​ការ​ផ្សាយ​ជា​ខេមរភាសា ដូចជា វីអូអេ អាស៊ីសេរី និង​វិទ្យុបារាំងអន្តរជាតិ។»

បច្ចុប្បន្ន​អ្នក​ផលិតក្នុង​ស្រុក កំពុង​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់ ​podcast មិន​ថាមាតិកា​នោះ​ ជា​ផលិត​​ឡើងវិញបន្ថែម​​លើ​មាតិកា​ដើម ឬក៏​ជា​កម្មវិធី​ថ្មី​ផលិតឡើង​ទាំង​ស្រុង​សម្រាប់​តែ​វេទិកា ​podcast។ 

សម្រាប់ក្រុមផលិតករ ការណ៍ដែលថា podcast នឹងអាចរកប្រាក់ចំណូលនោះ គឺលឿនពេកហើយក្នុងការសន្មត់។ បច្ចុប្បន្ន ពួកគេកំពុងផ្តោតលើការកសាងអ្នកស្តាប់តាម podcast។

«Podcast​ អាច​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ថ្មី​សន្លាង​មួយ​ នៅ​ក្នុង​បរិយាកាស​នៃសារព័ត៌មាន​កម្ពុជា​ ​ទាំង​អ្នក​សារព័ត៌មាន​ និង​អ្នក​ទទួល​ព័ត៌មាន។» នេះ​បើ​តាម​អ្នក​ស្រី ទែន សុខស្រីនិត ជា​អ្នក​ផលិតកម្មវិធី​សម្រាប់​​ប្រព័ន្ធផ្សព្វផ្សាយចម្រុះ នៃ​វីអូអេខ្មែរ។  «ខ្ញុំ​ខ្លួនឯងផ្ទាល់​គិតថា ក្នុងរយៈពេល​តែ​២ទៅ៣​ឆ្នាំ​ទៀត podcast​ នឹង​ក្លាយ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ ដែល​មាន​ប្រជាប្រិយភាព​​សម្រាប់​យុវជន ក្នុងការ​ទទួល​បាន​មាតិកាអនឡាញ​ដែល​ខ្លួន​ចូលចិត្ត​។»​

Podcast ​នេះ​ដែរ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា «​អាចជា​វិធី​ម៉្យាង​ទៀតដើម្បី​បំពេញ​បន្ថែម​ខ្លឹមសាររបស់អ្នក[ផលិត] និងទាក់​ទាញ​ក្រុម​គោលដៅ​ថ្មី និង​អ្នក​អាន​ថ្មី​ ក៏ដូចជាអ្នក​ស្តាប់ថ្មី​។ ហើយ​វា​មាន​តម្លៃ​នៅ​ក្នុងនោះ។» នេះ​បើ​តាម​ការ​ប្រមើល​មើល​ពី​គុណតម្លៃ ​podcast​ របស់​លោក​ Daniel Marchette ដែល​ជា​នាយក​ចាត់ការទូទៅ​នៃ​ក្រុមហ៊ុន​ Globe Media Asia ជាស្ថាប័ន​ដែល​ចេញផ្សាយ​ទស្សនាវដ្តីព័ត៌មាន​ Southeast Asia Globe។ 

សម្រាប់ក្រុមផលិតករ​ ការណ៍ដែល​ថា podcast នឹង​អាច​រក​ប្រាក់​ចំណូល​នោះ គឺ​លឿន​ពេក​ហើយ​ក្នុងការសន្មត់​​។ បច្ចុប្បន្ន​ ពួកគេ​កំពុងផ្តោត​លើ​ការ​កសាងអ្នក​ស្តាប់តាម podcast។ 

«ប្រសិន​បើ​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​មួយ​ ដែល​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នកស្តាប់កម្ពុជា ហើយអាចធ្វើ​បាន​ជា​ភាសាខ្មែរ​ទៀត​នោះ ខ្ញុំ​គិត​ថា​អាច​មាន​​សក្តានុពល និងក្នុងករណីនោះ ខ្ញុំ​គិតថា​វា[podcast]នឹង​រីក​លូតលាស់ ប៉ុន្តែ​ថាតើ​នឹង​រីកលូត​លាស់​ដល់​កម្រិត​ណា នៅពេលនេះវា​ពិបាក​នឹង​ព្យាករណ៍ណាស់។»

ដើម្បី​ស្តាប់​ podcast បាន អ្នក​ស្តាប់​ត្រូវ​ចូល​ទៅ​កាន់កម្មវិធី​ជា​វេទិកាសំឡេងនោះ។ ​ការធ្វើបែប​នេះ គឺខុស​ពី​ទម្លាប់​របស់​ប្រជាជន​កម្ពុជា ​ពេល​ឆែក​មើល​ហ្វេសប៊ុក នេះបើតាមការពន្យល់របស់ កញ្ញា Alix Feschotte ជា​សហស្ថាបនិក​ វប្បធម៌ ដែលជា​គេហទំព័រ​ពហុប្រព័ន្ធផ្សព្វផ្សាយ។ 

«ទម្លាប់​ទីមួយ​របស់​​យុវវ័យនិងប្រិយមិត្តយើង គឺថា ពួកគេមិន​​បើក​ Spotify មុនគេទេ។ ពួកគេ​បើក​ហ្វេសប៊ុក ហើយ​នោះ​គឺ​ជា​របៀប​ ដែល​ពួកគេ​ចាប់​ផ្តើម​សកម្មភាព​ប្រចាំថ្ងៃ​របស់​ខ្លួន។ ​ដូច្នេះ​ ប្រសិនបើ​អ្នក​មាន​ podcast​ ដែល​នៅ​លើ​ហ្វេសប៊ុក វាមាន​ការ​ពិបាក​មែនទែន​ដើម្បីំឱ្យ​ពួកគេចូលស្តាប់​មាតិកា​ជា​សំឡេង​នៅទីនោះ។»

កញ្ញា​ Feschotte បន្ថែម​ថា៖ «វា[សង្គម​ podcast​] នឹង​រីក​ចម្រើន​​នា​ពេល​អនាគត ពីព្រោះ​​យើងអាច​មើលឃើញថា វា​កំពុង​វិវឌ្ឍ​នា​ពេល​ឥឡូវ​នេះ​ហើយ ចាប់​តាំង​តែ​ពី​យើង​ចាប់​ផ្តើម។» 

សម្រាប់​ជីហ័រដែលជា​អ្នក​ស្តាប់ podcast​ ជា​ប្រចាំ បាន​និយាយថា៖ «ប្រសិនជា​មាន​ podcast​ ច្រើន​ទៀត​ជា​ភាសា​ខ្មែរ ខ្ញុំ​គិតថា​វា​នឹង​ទាក់ទាញ​អ្នក​ស្តាប់​​កម្ពុជា​កាន់​តែ​ច្រើន​ឡើង»

នៅខាងក្រោមនេះ គឺជាជម្រើសណែនាំអំពីកម្មវិធី podcast ចំនួន៤ ដែលត្រូវបានផលិតនៅកម្ពុជា រួម​មានកម្មវិធី៖ កម្ពុជា​សម្លឹង​ទៅមុខ អនាគត អាន​ខ្ញុំ​ស្តាប់ និង​តុតូច។ 

កម្ពុជាសម្លឹងទៅមុខ ឬ ENVISION CAMBODIA

កម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកម្មវិធី podcast មួយ ក្នុងចំណោម podcast ដំបូងៗ ដែលផលិតដោយបណ្តាញសារព័ត៌មាននៅកម្ពុជា។ កម្មវិធីនេះ ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកស្តាប់ ឱ្យប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជា នាពេលអនាគត។  

កម្មវិធីនេះ ផលិតដោយបណ្តាញ​ផ្សាយ​ពហុ​ព័ត៌មាន​អន្តរជាតិ​​របស់​អាមេរិក គឺសំឡេងសហរដ្ឋអាមេរិក (VOA) និងបានសហការជាមួយអង្គការ វេទិកាអនាគត Future Forum។ Podcast ជាភាសាខ្មែរមួយនេះ នាំមកនូវចំនេះដឹង​របស់​អ្នក​ជំនាញ ទៅលើស្ថានភាពអនាគតប្រទេសកម្ពុជា ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា សេដ្ឋកិច្ច វិស័យការបរទេស បរិស្ថាន និងប្រធានបទជាច្រើនទៀត។ នៅក្នុងភាគនីមួយៗ ដែលមានរយៈពេលពី២០ទៅ៤០នាទី អ្នកស្តាប់ទទួលបានបទពិសោធប្រៀបដូចជាអង្គុយស្តាប់ផ្ទាល់ នៃកិច្ចពិភាក្សាស៊ីជម្រៅ រវាងអ្នកសារព័ត៌មានរបស់វីអូអេ ជាមួយអ្នកស្រាវជ្រាវក្នុងប្រធានបទចំនួន១៦ ចេញពីកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។

ខណៈដែលវីអូអេមានការផ្សាយ​ព័ត៌មានជា​ខេមរភាសាតាំងពីឆ្នាំ ១៩៥៥មក អង្គភាព​ព័ត៌មាន​អាមេរិកមួយ​នេះ ចាប់​ផ្តើម​ផលិត​ podcast ជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ខ្លួន ពីប្រតិបត្តិការតាមវិទ្យុ ទៅជាប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ កាលពីមួយទសវត្សរ៍មុន ។

ក្រៅពីផ្តល់ជាវេទិកា សម្រាប់ការបង្កើតអន្តរកម្មទៅវិញទៅមកជាមួយនឹងអ្នកស្រាវជ្រាវកម្ពុជា វីអូអេក៏មានមានគោលបំណង «ធ្វើឱ្យអ្នកស្តាប់ទទួលបាននូវបទពិសោធនៃមាតិកាជាសម្លេងតាមតម្រូវ តាមរយៈការអត្ថាធិប្បាយប្រកបដោយខ្លឹមសារច្នៃប្រឌិត គាំទ្រដោយទិន្នន័យនិងអង្គហេតុជាអំណះអំណាង។» នេះបើតាមការពន្យល់របស់អ្នកស្រី សុខស្រីនិត។

«ចំនួនអ្នកស្តាប់វិទ្យុនៅក្នុងកម្ពុជាមានការថយចុះ ខណៈយើងសង្កេតឃើញមានការកើនឡើង នៃចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម ប្រើប្រាស់អ៊ីនធឺណិត និងទូរសព្ទស្មាតហ្វូន»

អ្នកស្រី សុខស្រីនិត បន្ថែមថា មាតិកាសម្លេងតាមតម្រូវ នឹងផ្តល់នូវអ្វីដែលថ្មីនិងប្លែក ខុសពីព័ត៌មានផ្សាយទូទៅប្រចាំថ្ងៃ ដែលមានរយៈពេលចន្លោះពី៤ទៅ៨នាទី។ សម្រាប់អ្នក​ផលិត​កម្មវិធី​រូប​នេះ  ការណ៍​ដែល​មាន​អ្នកស្តាប់ ប្រមាណ២០០ទៅ៣០០នាក់ក្នុងភាគនីមួយៗ គឺជាការជោគជ័យមួយរួចទៅហើយ ដោយហេតុថា podcast ជា​មធ្យោបាយ​ផ្សព្វផ្សាយ​នៅថ្មីនៅឡើយ។

អ្នក​អាច​ស្តាប់កម្មវិធី​ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» រដូវកាលទី១ នៅលើ Apple and Google podcasts។ រដូវកាលពី២ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយក៏អាចស្តាប់បាននៅលើ Spotify ផងដែរ។ 

ANAKUT អនាគត

ក្រុមគោលដៅដែលកម្មវិធី Anakut ចង់ភ្ជាប់ទំនាក់ទំនង គឺជាអ្នកស្តាប់វ័យក្មេង។ កម្មវិធី podcast ជាភាសាអង់គ្លេសមួយនេះ ត្រូវ​បាន​​ផលិតដោយក្រុមហ៊ុន Globe Media Asia និង​ផ្តោតការពិភាក្សាអំពីព្រឹត្តិការណ៍បច្ចុប្បន្ន ។  

សកម្មភាពនៃការថតកម្មវិធី Anakut ។ រូបថតពី ហ្វេសប៊ុកផេក SEA Globe

កម្មវិធី Anakut ចាប់ផ្តើមមាន​វត្តមាន​អំឡុង​ពេល​មានការកើតឡើងនៃជំងឺ​រាត​ត្បាត​ជា​សាកល ក្នុងខែតុលា ឆ្នាំ២០២០ ដោយផ្តោតការពិភាក្សាលើប្រធានបទដូចជា បញ្ហាយេនឌ័រនិងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+  អាស៊ាន ឥទ្ធិពលរបស់ប្រទេសចិនមកលើតំបន់ ប្រជាធិបតេយ្យនិងអំពើពុករលួយ រហូតដល់ប្រធានបទទាក់ទងនឹងទំនៀមទំលាប់ អត្តសញ្ញាណ និងវប្បធម៌របស់កម្ពុជា។ នៅក្នុងភាគ «ជួយសង្គ្រាះព្រៃឡង់» អ្នក​សារព័ត៌មានដែល​ជា​ពិធីករ​​ បានសួរដោយត្រង់ៗទៅកាន់សកម្មជនបរិស្ថាន ជាភ្ញៀវក្នុងកម្មវិធីថា តើពួកគេមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនដែរឬទេ ដោយសារតែនាពេលកន្លងមក សកម្មជនបរិស្ថានមួយចំនួនធ្លាប់ត្រូវបានចាប់ខ្លួន។

សារព័ត៌មាន ‘Southeast Asia Globe’ បានផ្តោតការចាប់អារម្មណ៍មកលើការផលិតកម្មវិធី​សម្រាប់ podcast បន្ទាប់ពីស្ថាប័នរបស់ខ្លួនបានផ្លាស់ប្តូរការផ្សព្វផ្សាយ ពីទស្សនាវដ្តី មកលើឌីជីថលវិញ នៅចុងឆ្នាំ២០១៩។ ពួកគេ បានក្លាយជាវេទិកាព័ត៌មានមួយ ដោយផ្អែកលើសមាជិកភាព និងពឹងផ្អែកលើជំនួយថវិកា (grant) និងការផលិតមាតិកាតាមតម្រូវការ ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ស្ថាប័ន។ 

«Podcast គឺជាទំនោរមួយ ដែលកំពុងរីកដុះដាលនៅទីនេះ។ ខ្ញុំមិនមែនសំដៅតែលើ podcast ដែលផ្តោតលើកម្ពុជាតែមួយមុខនោះទេ ប៉ុន្តែគឺការស្តាប់តាម podcast និងទម្លាប់នៃការទទួលយកមាតិកា តាម podcast គឺកំពុងមានការពេញនិយមកាន់តែខ្លាំងឡើង ក្នុងចំណោម​យុវជនវ័យក្មេងកម្ពុជា» នេះបើតាមការលើកឡើងរបស់លោក Marchette។ 

«ដូច្នេះពួកយើងគិតថា គួរតែសាកល្បងផលិតវាឡើង»។ 

អ្នកអាចស្តាប់កម្មវិធី podcast ដែលមានរយៈពេល ៤០នាទីនេះ តាមរយៈ Amazon, Apple, Google and Spotify ។

ស្តាប់ខ្ញុំអាន និងតុតូច

ស្តាប់ខ្ញុំអាន និងតុតូច ជាកម្មវិធី​ដែលកំណត់​ការ​ប្រលូកចូលវិញក្នុងការផលិតមាតិកា​សម្រាប់ podcast របស់វប្បធម៌ នៅក្នុងឆ្នាំនេះ។ វប្បធម៌ មានអាយុប្រតិបត្តិការជាង៣​ឆ្នាំមកហើយ ដោយផលិតមាតិកាសម្រាប់យុវវ័យ តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ ហើយធ្លាប់បានសាកល្បងផលិតកម្មវិធីសម្រាប់ podcast ម្តងរួចមកហើយក្នុងឆ្នាំ២០១៨។ 

ស្ថាបនិករបស់វប្បធម៌ គឺកញ្ញា សៀង សុខចេង និងកញ្ញា Feschotte បានបញ្ចូល podcast ចូលក្នុងគេហទំព័ររបស់ខ្លួន បន្ថែមលើ វីដេអូ រូបត្លុក វីដេអូគំនូរជីវចល និងការពន្យល់បែបរូបភាព សម្រាប់ទស្សនិកជនវ័យក្មេងកម្ពុជា ដែលចំណង់ចំណូលចិត្តរបស់ពួកគេ មិនសូវត្រូវបានបណ្តាញសារព័ត៌មានធំៗក្នុងស្រុក រាយការណ៍នោះទេ។

ការណ៍ដែល Spotify ចូលក្នុងទីផ្សាររបស់កម្ពុជា គឺជាកត្តាមួយដែលធ្វើឱ្យវប្បធម៌ សម្រេចចិត្តផលិត មាតិកាជាសំឡេងម្តងទៀត នេះបើតាមការលើកឡើងរបស់កញ្ញា Feschotte។ «យុវជន កំពុងងាកទៅប្រើប្រាស់វេទិកានោះ។ គំនិតរបស់ពួកយើងគឺថា ក្លាយជាក្រុមដំបូងនៅក្នុងវិស័យមួយនេះ។ នោះគឺជាយុទ្ធសាស្រ្ត​របស់ពួកយើង។»

នៅក្នុងកម្មវិធីតុតូច ផលិតករប្រើប្រាស់វិធីសាស្ត្រ «តុតូចជាមួយប្រធានបទធំ» ដោយមានពិធីករ៣នាក់ ពិភាក្សាគ្នាលើប្រធានបទដូចជា គន្លឹះអភិវឌ្ឍខ្លួននិងជីវិតបែបឌីជីថល។ រីឯកម្មវិធី ស្តាប់ខ្ញុំអាន ក្នុងភាគនីមួយៗ មានរយៈពេលប្រមាណ៥ទៅ៨នាទី ហើយជាប្រភេទមាតិកាដែលអានចេញពីអត្ថបទមាន​ស្រាប់របស់វប្បធម៌ មានដូចជាសុខភាពផ្លូវចិត្ត និងការតស៊ូជាដើម។ 

នៅក្នុងភាគ ០: ទម្លាប់កែមិនឡើង ពិធីកររបស់តុតូច បានចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការតស៊ូជំនះជាមួយនឹងទម្លាប់ប្រសើរៗទាក់ទង ជីវិតនិងការងារ ក្នុងអំឡុងពេលមានជំងឺរាតត្បាតជាសាកល ដូចជា បញ្ហាចូលគេងយប់ជ្រៅ ឬចំណាយពេលរាប់ម៉ោងលេងហ្គេមអនឡាញជាដើម។ 

«នឹកឃើញរឿងប្អូនខ្ញុំ។ ដោយសារកូវីដ ចាប់ផ្តើមរៀនអនឡាញ។ ប្អូនខ្ញុំអត់អីហ្អេ ដោយសារគេងជាមួយកុង វាឧស្សាហ៍ភ្ញាក់លឿនម៉ោង៥ ឬ៦អី ភ្ញាក់ហើយ។ ប៉ុន្តែពួកម៉ាកវា ទោះបីជាទៅសាលាក៏យឺត ទោះបីនៅផ្ទះ​ក៏​ភ្ញាក់យឺតដែរ។ ហើយដល់ពេលម៉ោងរៀនអី ភ្ញាក់នៅលើគ្រែយកហ្មង ហើយរៀនតទៅហ្មង» ឧត្តមជាពិធីករម្នាក់របស់តុតូច បានលើកឡើងពីអ្វីដែលខ្លួនបានប្រទះ មកនិយាយក្នុងកម្មវិធី។ 

រយៈពេលប្រមាណ៣០ភាគរយនៃភាគនីមួយៗរបស់កម្មវិធី ត្រូវបានបែងចែកសម្រាប់​ ឱ្យពិធីករ​ឆ្លើយសំណួរ​របស់​ប្រិយមិត្ត និង​អាន​ចំណាប់អារម្មណ៍ ​ដែល​ផ្ញើចូល​ដោយ​មិន​ដាក់ឈ្មោះ។ ​កញ្ញា Feschotte បន្ថែមថា ផ្នែកនេះនៃកម្មវិធី មានប្រជាប្រិយភាព​ជាមួយ​ទស្សនិកជន។

អ្នកអាចស្តាប់និងទស្សនា podcast តុតូច និង ស្តាប់ខ្ញុំអាន តាមរយៈ Apple, Google, Spotify and YouTube។ 

(*អត្ថបទនេះ គឺជាផ្នែកមួយនៃ​កម្រងអត្ថបទ Reporting ASEAN)

(ចប់)

Leave a Comment

© 2023 Reporting ASEAN – Voices and views from within Southeast Asia. All Rights Reserved.

Scroll to top