មួយឆ្នាំក្រោយរដ្ឋប្រហារ៖ នៅមីយ៉ាន់ម៉ា សារព័ត៌មានគឺជាចំការមីន
Read in English | Burmese | Thai
យ៉ាំងហ្គូន | ៣១ មករា ២០២២
ជំនួសឱ្យការស្វែងរកដំណឹងដើម្បីរាយការណ៍ អ្នកកាសែតមួយចំនួននៅប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ បានប្តូរមកមើលថែគ្រឿងសម្អាង និងសម្លៀកបំពាក់ដែលឥឡូវនេះពួកគេលក់ទំនិញទាំងនេះ ដើម្បីរកប្រាក់កំរៃចិញ្ចឹមជីវិត។ សម្រាប់អ្នកដែលបន្តនៅនឹងព័ត៌មាន ធ្វើការដោយបានប្រាក់ខែត្រូវបានកាត់តិចជាងមុន ឬធ្វើការដោយគ្មានប្រាក់ខែ។ អ្នកខ្លះទៀតបានភៀសខ្លួនទៅព្រំដែន ឬស្វែងរកសិទ្ធិជាជនភៀសខ្លួននៅបរទេស។ អ្នកកាសែតមួយចំនួនទៀត បានប្តូរប៊ិចមកជាដាវវិញ ដោយចូលរួមជាមួយអង្គភាពប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធនឹងយោធា នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេស។
ទាំងនេះ គឺជាទិដ្ឋភាពដែលត្រូវបានលាតត្រដាងនៅក្នុងរឿងធំជាងនេះ ក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការងារដែលត្រូវបានបង្រ្កាប ចាប់តាំងពីរបរយោធាបានឡើងកាន់អំណាច កាលពីមួយឆ្នាំមុន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១។
ដូចមនុស្សជាច្រើននាក់ទៀត នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៥៥,៥ លាននាក់នេះ អ្នកកាសែតបានរស់នៅ ក្នុងស្ថានភាពនៃភាពតានតឹងដ៍រ៉ាំរ៉ៃ ខណៈដែលពួកគេធ្វើការសម្រេចចិត្តអំពីជីវភាពរស់នៅ និងសុវត្ថិភាពរបស់ពួកគេ ដោយមិនដឹងថាអនាគតនឹងទៅជាយ៉ាងណា។
“ខ្ញុំជាអ្នករកប្រាក់ចំណូលតែម្នាក់គត់ សម្រាប់គ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនហ៊ានប្រថុយប្រថានជាមួយជីវិតអ្នកកាសែតក្នុងសម័យនេះទេ” លើកឡើងដោយអ្នកយកព័ត៌មានទូរទស្សន៍អាយុ ៣៨ ឆ្នាំម្នាក់ ដែលឥឡូវធ្វើជាអ្នកដឹកជញ្ជូនចែកចាយដោយកង់ ដើម្បីតែមួយរស់។ “មានស្ថាប័នព័ត៌មានខ្លះបានឱ្យខ្ញុំ (ការងារ) ដើម្បីរាយការណ៍អំពីសកម្មភាពរបស់យោធា ក្នុងទិដ្ឋភាពអ្វីដែលល្អៗ ប៉ុន្តែខ្ញុំមិនចង់សរសេរព័ត៌មានបែបនោះទេ ទោះបីខ្ញុំឃ្លានក៏ដោយ»។
មិនថាដោយសារតែពួកគេបាត់បង់ការងារក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ឬក៏មើលឃើញថាពួកគេប្រថុយពេកនោះទេ អ្នកសារព័ត៌មានជាច្រើនបានផ្លាស់ប្តូរទៅរកវិធីផ្សេងទៀតដើម្បីប្រកបរបរចិញ្ចឹមជីវិត មិនថាធ្វើការនៅក្នុងក្រុមហ៊ុនដែលមិនមែនជាប្រព័ន្ធផ្សព្វផ្សាយ ឬលក់អាហារសម្រន់ដូចជា ‘mohinga’ (គុយទាវត្រី ) ‘ngapi’ (គ្រឿងផ្អាប់ធ្វើពីត្រី) ក៏ដូចជាលក់សំបុត្រឡានក្រុង។
សម្រាប់អ្នកខ្លះ អ្វីដែលកើតឡើងនៅឆ្នាំមុន គឺថាពួកគេត្រូវប្រឈមជាមួយនឹងការពិត ដូចជាការរស់នៅដោយបែកគ្នារយៈពេលវែងពីក្រុមគ្រួសារ ជីវិតនិរទេសខ្លួន ឬជាអ្នកស្វែងរកសិទ្ធិជ្រកកោន ឬជនភៀសខ្លួន។
“ពេលខ្ញុំឃើញវីដេអូឃ្លីបរបស់គ្រួសារផ្សេងទៀត ខ្ញុំយំ ហើយនឹកគ្រួសារខ្ញុំខ្លាំងណាស់។ កូនរបស់ខ្ញុំនៅក្មេង ដូច្នេះខ្ញុំមិនអាចយកពួកគេ (សមាជិកគ្រួសារ) ទៅជាមួយខ្ញុំបានទេ” អ្នកកាសែតម្នាក់ទៀតបាននិយាយ ខណៈរយៈពេលប្រាំបីខែកន្លងមកនេះ គាត់បានរស់នៅក្នុងតំបន់ ‘រំដោះ’ ឬតំបន់ដែលត្រូវបានគ្រប់គ្រងដោយក្រុមជនជាតិភាគតិច ដែលបានប្រយុទ្ធនឹងយោធាមីយ៉ាន់ម៉ាអស់រយៈពេលប្រាំពីរទសវត្សរ៍ឬច្រើនជាងនេះ។ មានដីកាចាប់ខ្លួនមួយ ចំពោះគាត់ពីបទញុះញង់ ក្រោមមាត្រា 505 (a) នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាអាវុធផ្លូវច្បាប់ ប្រើជាញឹកញាប់បំផុតប្រឆាំងនឹងអ្នកកាសែត ចាប់តាំងពីរដ្ឋប្រហារ។
គាត់បានបន្តថា៖ “ប៉ុន្តែក្រោយមក ខ្ញុំតែងគិតថា យើងនឹងអាចរស់បាន ទោះបីជាយើងនៅឆ្ងាយពីគ្នាក៏ដោយ។ វាប្រសើរជាងគ្រួសារផ្សេងទៀតដែលសមាជិករបស់ពួកគេបាត់បង់ជីវិត”
ប្រយ័ត្នខ្លួន គ្រប់ពេលវេលា
ការណ៍ដែលថា នៅក្នុងវិស័យសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាគឺមានគ្រោះថ្នាក់នោះ គឺច្បាស់ណាស់ តាមរយៈការចាប់ខ្លួនបុគ្គលិកសារព័ត៌មានជាបន្តបន្ទាប់។ (គិតត្រឹមថ្ងៃទី 25 ខែមករា មានការចាប់ខ្លួនចំនួន 120 នាក់ ហើយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន 46 នាក់កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ។) ប៉ុន្តែការធ្វើជាអ្នកសារព័ត៌មានក៏ជាហានិភ័យ សម្រាប់ហេតុផលផ្សេងទៀតផងដែរ។
អ្នកសារព័ត៌មានកំពុងប្រឈមមុខនឹងសំណួរដែលពិបាក និងមិនស្រណុកចិត្តមួយចំនួន អំពីរបៀបដែលពួកគេយល់ឃើញ និងរស់នៅ ចំពោះសារព័ត៌មានក្នុងពេលមានវិបត្តិមួយ ដែលពួកគេមិនអាចព្រងើយកន្តើយបាន។
អ្នកស្រុកអាចមើលឃើញថា ការដែលមានអ្នកយកព័ត៌មានរស់នៅក្នុងតំបន់របស់ពួកគេ គឺជាសញ្ញាណគួរឲ្យព្រួយបារម្ភ ដែលបង្កើនហានិភ័យនៃការវាយឆ្មក់ដោយមន្ត្រីសន្តិសុខ។
“សារព័ត៌មានមិនមែនជាឧក្រិដ្ឋកម្មទេ ប៉ុន្តែរបបយោធាធ្វើឲ្យយើងជាឧក្រិដ្ឋជន។ ខ្ញុំតែងតែខ្លាចត្រូវគេឃ្លាំមើល គ្រប់ពេលដែលខ្ញុំចេញទៅក្រៅ”នេះបើតាមការលើកឡើងរបស់អ្នកកាសែតស្រីម្នាក់ ដែលឥឡូវធ្វើការផ្តល់ព័ត៌មានដោយមិនបានប្រាក់ខែ។ “ខ្ញុំមិនអាចត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញទេ ព្រោះអ្នកជិតខាងដឹងថាខ្ញុំជាអ្នកកាសែត ហើយពួកគេគិតថា អ្នកកាសែតអាចនាំគ្រោះថ្នាក់ (ជាហានិភ័យសន្តិសុខ) ដល់ពួកគេ”។
អ្នកកាសែតក្នុងស្រុកដូចជានាង គឺជាអ្នកដែលមានហានិភ័យបំផុត។ “ខ្ញុំត្រូវតែព្យាយាមមិនឱ្យអ្នកជុំវិញខ្លួនខ្ញុំ ដឹងថាខ្ញុំជាអ្នកកាសែតទេ” អ្នកយកព័ត៌មានដដែល បានរៀបរាប់។ នាងបានផ្លាស់ប្តូរកន្លែងរស់នៅជាច្រើនដង ដើម្បីគេចពីអ្នកស៊ើបការណ៍របស់យោធា។ នាងបានបន្តទៀតនិយាយថា “គ្មានស្ថាប័នព័ត៌មាន ណាការពារខ្ញុំទេ ព្រោះខ្ញុំជាអ្នកធ្វើការឯករាជ្យ។ ដូច្នេះ ខ្ញុំត្រូវព្យាយាមរក្សាសុវត្ថិភាពដោយខ្លួនឯង»។
អ្នកកាសែតម្នាក់ទៀត ដែលបានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអស់រយៈពេលប្រាំបីឆ្នាំបានបន្ថែមថា៖ “របបយោធាកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ”។
“ខ្ញុំនឹងនៅបន្តរាយការណ៍ព័ត៌មាន មិនថាក្រោមហានិភ័យណាមួយ ពីព្រោះមានមនុស្សច្រើនណាស់ដែលបានបាត់បង់ជីវិតដើម្បីលទ្ធិប្រជាធិបតេយ្យ”។
អង្គភាពព័ត៌មានដែលមានកេរ្តិ៍ឈ្មោះធំៗ កំពុងប្រតិបត្តិការនៅក្រៅប្រទេស ដូចជាក្នុងប្រទេសថៃ និងកន្លែងផ្សេងទៀត ក៏ដូចជានៅតាមសហគមន៍ជនជាតិភាគតិចមួយចំនួន ហើយមួយចំនួនទទួលបានមូលនិធិពីក្រុមអន្តរជាតិ។ ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ និងក្រុមប្រព័ន្ធផ្សព្វផ្សាយតូចៗ នៅកម្រិតថ្នាក់ឃុំ និងតំបន់ក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវការជំនួយយ៉ាងចំាបាច់ណាស់ដែរ នេះបើតាមគ្រូបង្វឹកផ្នែកប្រព័ន្ធផ្សព្វផ្សាយជើងចាស់ម្នាក់បានលើកឡើង។
លោកប៉ាន់ប្រមាណថា អ្នកសារព័ត៌មានក្នុងស្រុកដែលត្រូវការជំនួយជាមូលដ្ឋាន ដូចជាប្រាក់សម្រាប់អាហារ និងការចំណាយប្រចាំថ្ងៃ គឺមានតិចជាង 5% ទទួលបានជំនួយណាមួយ។
សព្វថ្ងៃនេះ អ្នកកាសែតក្នុងស្រុក ធ្វើការទំាងត្រូវគេកាត់ប្រាក់ខែរហូតដល់ ៦០%។ អ្នកផ្សេងទៀត ទទួលបានប្រាក់តែពាក់កណ្តាលប្រាក់ខែរបស់ពួកគេប៉ុណ្ណោះ សម្រាប់ការងារ១៥ថ្ងៃ។ អ្នករាយការណ៍ម្នាក់ ជាធម្មតារកបាន ២០០,០០០ kyat ក្នុងមួយខែ (១១០ ដុល្លារដោយប្រើប្រាស់ធនាគារកណ្តាលមីយ៉ាន់ម៉ា) ហើយចំពោះការីនិពន្ធម្នាក់ ទទួលបានប្រាក់ខែទ្វេដងលើសអ្នកសារព័ត៌មាន។
គ្រោះថ្នាក់ថែមលើគ្រោះថ្នាក់ជាច្រើនទៀត
បើទោះជាអ្នកកាសែត អាចបន្តការងារនៅក្នុងវិស័យព័ត៌មានក៏ដោយ ក៏មានបញ្ហាផ្សេងទៀតដែលត្រូវប្រឈមមុខផងដែរ។ បរិយាកាសការងារកាន់តែយ៉ាប់យ៉ឺន ក្នុងរូបភាពជាច្រើនទៀត ក្រៅពីហានិភ័យនៃការចាប់ខ្លួន ឬសម្លាប់។ ការណ៍នេះនាំឱ្យមានផលប៉ះពាល់មិនល្អ ចំពោះគុណភាព និងភាពសម្បូរបែបនៃដំណឹង។
ក្នុងរយៈពេលមួយឆ្នាំមុន អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នក្នុងការទាក់ទងប្រភពដែលពួកគេមិនសូវស្គាល់ប្រាកដ ដោយក្តីបារម្ភថា ការសន្ទនារបស់ពួកគេអាចត្រូវបញ្ជូនបន្ត ទៅកាន់របបយោធា។ នៅក្នុងបរិយាកាសអាប់អួរបែបនេះ អ្នកកាសែតមួយចំនួន មិនបានឱ្យគ្នាដឹងទៅវិញទៅមក ពីអ្វីដែលពួកគេកំពុងធ្វើ ឬអ្វីកំពុងរាយការណ៍ឡើយ។
អ្នកសារព័ត៌មានមានទំនុកចិត្តតិចតួច ឬគ្មានទាល់តែសោះ ទៅលើក្រុមប្រឹក្សាសារព័ត៌មានមីយ៉ាន់ម៉ា ដែលបានក្លាយជាផ្នែកមួយនៃរបបយោធា បន្ទាប់ពីអតីតសមាជិកបានលាលែងក្នុងសភាពច្របូកច្របល់ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ។ មេដឹកនាំរដ្ឋប្រហារ និងជាមេយោធាជាន់ខ្ពស់ លោកMin Aung Hlaing បានថ្លែងសុន្ទរកថា នៅក្នុងពិធីស្បថចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាថ្មី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។
ការបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកន្លែងផ្សេងទៀត បានចាប់ផ្តើមឡើងវិញ ហើយភាគច្រើនជុំវិញប្រធានបទសុវត្ថិភាព។ អ្នកសារព័ត៌មានជើងចាស់រូបនេះ និយាយថា អ្នកសារព័ត៌មានត្រូវប្រើពេលដ៏ខ្មៅងងឹតទាំងនេះ ដើម្បីពង្រឹងជំនាញរបស់ខ្លួន ដើម្បីជួសជុលវិជ្ជាជីវៈដែលខូចនេះនៅថ្ងៃណាមួយ ។
លោកបានគូសបញ្ជាក់ថា៖ «យើងត្រូវតែខំប្រឹងតាមលទ្ធភាពដែលយើងអាចធ្វើបាន ព្រោះយើងត្រូវបណ្តុះបណ្តាល អ្នកដែលចង់ធ្វើជាអ្នកសារព័ត៌មានទៅថ្ងៃអនាគត»។
ចំនួនអ្នកកាសែតក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេប៉ាន់ប្រមាណថាមានដល់ទៅ ៦០០០ នាក់ នាក់ មុនពេលរដ្ឋប្រហារ ប៉ុន្តែតួលេខនេះ គឺប្រាកដណាស់មានចំនួនតិចជាង នាពេលសព្វថ្ងៃនេះ។
សំណួរដែលធ្វើឱ្យមិនស្រណុកចិត្ត
ទន្ទឹមនឹងនោះ អ្នកសារព័ត៌មានកំពុងប្រឈមមុខនឹងសំណួរដែលពិបាក និងមិនស្រណុកចិត្តមួយចំនួន អំពីរបៀបដែលពួកគេយល់ឃើញ និងរស់នៅ ចំពោះសារព័ត៌មានក្នុងពេលមានវិបត្តិមួយ ដែលពួកគេមិនអាចព្រងើយកន្តើយបាន។
អ្នកយកព័ត៌មានទូរទស្សន៍ វ័យ៣០ឆ្នាំ ម្នាក់បាននិយាយថា៖ “ពេលរដ្ឋប្រហារចាប់ផ្តើមដំបូង ខ្ញុំមានអារម្មណ៍ក្រៀមក្រំចំពោះភាពអមនុស្សធម៌ដែលខ្ញុំបានឃើញ ពេលរាយការណ៍អំពីបាតុកម្ម។ ខ្ញុំយំជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍ថាខុសឆ្គង។ ដូច្នេះខ្ញុំបានសម្រេចចិត្តទៅតំបន់EAOs (អង្គការប្រដាប់អាវុធជនជាតិភាគតិច)”។ នាងទទួលបានការបណ្តុះបណ្តាលជាមួយកងកម្លាំងការពារប្រជាជន (PDFs) ជាកងកម្លាំងតស៊ូ ដែលកំពុងការពារសហគមន៍របស់ពួកគេ និងចាប់ផ្តើមការវាយប្រហារមកលើយោធា។

អ្នកផ្សេងទៀតមានចម្ងល់ អំពីរបៀបដែលពួកគេអាចធ្វើជាអ្នកព័ត៌មានផង ជាពលរដ្ឋផង និងជាខ្លួនឯងផង ដែលធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ ទាំងអស់ក្នុងពេលតែមួយ បើទោះបីវាជាមិនល្អឥតខ្ចោះក៏ដោយ។ មនុស្សមួយចំនួនទៀត បានកាត់សេចក្តីចំពោះគុណតម្លៃព័ត៌មានដូចជា ‘មិនលំអៀង’ ឬ ‘អព្យាក្រឹត’ ថាជាសកម្មភាពទន់ខ្សោយ ដើម្បីទប់ទល់នឹងការគ្រប់គ្រងរបស់យោធា ខណៈដែលអ្នកផ្សេងទៀតជឿថា ពួកគេអាចរក្សាអត្តសញ្ញាណប្រព័ន្ធផ្សព្វផ្សាយដែលមានជំនាញវិជ្ជាជីវៈរបស់ពួកគេ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរបបយោធាបាន។
អ្នករាយការណ៍ព័ត៌មានម្នាក់ ដែលមានបទពិសោធជាង១២ឆ្នាំ បានលើកឡើងថា៖ “ខ្ញុំមិនចង់បានការអត្ថាធិប្បាយពីភាគីយោធា និងធ្វើព័ត៌មានសម្រាប់ ‘ភាពមិនលម្អៀង’ ទេ។ មានការពិតតែមួយគត់ ចំពោះរដ្ឋប្រហារនោះ។ ពួកគេជាឃាតក។ ដូច្នេះខ្ញុំរាយការណ៍នូវអ្វីដែលពិតជាបានកើតឡើង ដោយមិនបាច់សួរពួកគេអ្វីឡើយ ហើយពួកគេមិនដែលនិយាយការពិតឡើយ»។
“ខ្ញុំឲ្យតម្លៃមនុស្សធម៌ជាជាងវិជ្ជាជីវៈ”។
ប៉ុន្តែអតីតអ្នកកាសែតម្នាក់ ដែលបានចាកចេញពីអាជីពរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារ ដើម្បីស្វែងរកប្រាក់ចំណូលដែលអាចពឹងផ្អែកបានច្រើនជាង បាននិយាយថា “ខ្ញុំមិនអាចរស់នៅដោយពឹងផ្អែកលើវិជ្ជាជីវៈមួយនេះទេ (ឥឡូវនេះ) ប៉ុន្តែខ្ញុំអាចសរសេរព័ត៌មានរបស់ខ្ញុំប្រកបដោយវិជ្ជាជីវៈបាន” ។
មិនថា តាមរយៈការមើលតាមការរស់រានមានជីវិត ជីវភាពរស់នៅ ឬវិជ្ជាជីវៈនោះទេ សារព័ត៌មាននឹងបន្តក្លាយជាចំការមីន ក្នុងការស្ទង់មើលទិសដៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានបញ្ហា។ នោះគឺជាទីដែលព័ត៌មានគឺជាអាវុធ ប្រៀបដូចកាំភ្លើងដែរ។
ប៉ុន្តែសូម្បីតែនៅក្នុងបរិយាកាសដ៏ប្រឈមនេះ មនុស្សជាច្រើនកំពុងសម្លឹងមើលពេលវេលាដ៏ល្អប្រសើរនាពេលអនាគត។ សម្រាប់ពួកគេ ផ្តោតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងលំហអនឡាញ – ដែលមនុស្សជាច្រើនអាចបន្តផ្សព្វផ្សាយបន្ទាប់ពីអាជ្ញាប័ណ្ណរបស់ពួកគេត្រូវបានដកហូត ហើយសារព័ត៌មានថ្មីជាច្រើនបានកើតឡើង ចាប់តាំងពីរដ្ឋប្រហារ។ នោះគឺជាមូលដ្ឋានសម្រាប់កសាងវិជ្ជាជីវៈដែលខូចឡើងវិញ។
អ្នកកាសែតស្រីម្នាក់បាននិយាយថា៖ «ទោះបីជាខ្ញុំប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលនេះក៏ដោយ ខ្ញុំជឿថាខ្ញុំនឹងក្លាយជាអ្នកកាសែតម្ដងទៀត»។
រាយការណ៍បន្ថែមដោយ Johanna Son
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា